លេវី‌វិន័យ 15:14-27 Khmer Standard Version (KHSV)

14. នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ គាត់​ត្រូវ​ជូន​សត្វ​នោះ​ទៅ​បូជា‌ចារ្យ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

15. បូជា‌ចារ្យ​យក​សត្វ​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​បុរស​ដែល​មាន​កាម​រោគ​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

16. ប្រសិន​បើ​បុរស​ម្នាក់​ហូរ​ទឹក​កាម គេ​ត្រូវ​លាង​សម្អាត​ខ្លួន​ប្រាណ​ទាំង​មូល ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

17. សម្លៀក‌បំពាក់ ឬ​កំរាល​ដែល​ប្រឡាក់​ទឹក​កាម​នោះ ត្រូវ​តែ​បោក​សម្អាត ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

18. កាល​ណា​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួមរ័ក​ជា​មួយ​គ្នា នោះ​គេ​ទាំង​ពីរ​នាក់​ត្រូវ​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច»។

19. «កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

20. ពេល​មាន​រដូវ​នោះ​គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ ក៏​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។

21. អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

22. អ្នក​ប៉ះ​នឹង​កៅ‌អី​ដែល​នាង​បាន​អង្គុយ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

23. ប្រសិន​បើ​មាន​នរណា​ម្នាក់​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ​នៅ​លើ​គ្រែ ឬ​កៅ‌អី​ដែល​នាង​អង្គុយ អ្នក​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

24. ប្រសិន​បើ​មាន​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​នាង ក្នុង​អំឡុង​ពេល​នាង​មាន​រដូវ បុរស​នោះ​ក៏​ទៅ​ជា​មិន​បរិសុទ្ធ អស់​រយៈ​ប្រាំ‌ពីរ​ថ្ងៃ ហើយ​គ្រែ​ដែល​គេ​ដេក​នោះ​ក៏​មិន​បរិសុទ្ធ​ដែរ។

25. កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម​ខុស​ពី​ធម្មតា ឬ​ធ្លាក់​ឈាម​ច្រើន​ថ្ងៃ​ជាង​ពេល​មាន​រដូវ នាង​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​ធ្លាក់​ឈាម​នោះ ដូច​គ្រា​នាង​មាន​រដូវ​ដែរ។

26. ពេល​នោះ គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ នឹង​ទៅ​ជា​មិន​បរិសុទ្ធ​ដូច​ពេល​នាង​មាន​រដូវ​ដែរ។

27. អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

លេវី‌វិន័យ 15