44. យើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែរក្សាខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបណ្ដោយខ្លួនឲ្យទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។
45. យើងជាព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។
46. នេះសុទ្ធសឹងជាក្រឹត្យវិន័យស្ដីអំពីពួកសត្វជើងបួន សត្វស្លាប សត្វដែលរស់រវើករវ័ណ្ឌនៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។
47. ក្រឹត្យវិន័យនេះនាំឲ្យអ្នករាល់គ្នាចេះបែងចែករវាងសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ សត្វដែលអាចបរិភោគបាន និងសត្វដែលបរិភោគមិនបាន»។