21. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
22. ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយព្រះអង្គ។
23. ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងមកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។
24. ពួកសិស្សចូលទៅជិតព្រះយេស៊ូ ដាស់ព្រះអង្គថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។
25. ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសិស្សភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់ និងទឹក ហើយខ្យល់ និងទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។
26. ព្រះយេស៊ូ និងសិស្ស* បានមកដល់ក្រុងគេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។
27. កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានអារក្សចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។
28. ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី»។
29. វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។
30. ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអារក្សជាច្រើនចូលក្នុងបុរសនោះ។