13. មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿនៅពេលណាមានការល្បួង។
14. គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំបានឡើយ។
15. រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្តស៊ូទ្រាំ»។
16. «ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។
17. គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងលេចមកឲ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។
18. ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀតតែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗដែលខ្លួនស្មានថាមាននោះផង»។
19. មាតា និងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្តែ មិនអាចចូលទៅជិតព្រះអង្គបានឡើយ ព្រោះមានមនុស្សច្រើនពេក។