14. ព្រះអង្គយាងចូលទៅជិត ទ្រង់ពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។
15. រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។
16. គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្ដមមួយរូប បានមកនៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ»។
17. ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮ ពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
18. សិស្សរបស់លោកយ៉ូហាន បានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហាន ក៏ហៅសិស្សពីរនាក់មក
19. រួចចាត់ឲ្យទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រិស្ដ*ដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
20. អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់ឲ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
21. នៅគ្រានោះ ព្រះយេស៊ូកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនឲ្យបានជា។ ព្រះអង្គក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញដែរ។
22. ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ* មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។