18. «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
19. ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់ សម្តែងព្រះហឫទ័យមេត្តាករុណា»។
20. លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំ សម្លឹងមើលព្រះអង្គ។
21. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។
22. ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។
23. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាប្រហែលជាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។
24. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។