33. លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។
34. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35. បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសិស្ស*ថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។
36. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាម ក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួន ទិញដាវមួយទៅ។
37. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគម្ពីរមានចែងទុកអំពីខ្ញុំថា“គេបានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ”។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគម្ពីរ»។
38. ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! យើងមានដាវពីរ»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។
39. ព្រះយេស៊ូយាងចេញពីផ្ទះនោះ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ សិស្ស*ក៏នាំគ្នាតាមព្រះអង្គទៅដែរ។
40. កាលយាងទៅដល់ហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ»។
41. បន្ទាប់មក ព្រះអង្គយាងទៅឆ្ងាយពីពួកសិស្ស ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ ព្រះអង្គលុតជង្គង់ចុះទូលអង្វរថា៖