23. ពេលនោះ ពួកសិស្ស*សួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។
24. ខណៈនោះ ពួកសាវ័ក*ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។
25. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ត្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។
26. រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។
27. អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតា អ្នកអង្គុយតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅកណ្ដាលចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។
28. គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។
29. ហេតុនេះហើយបានជាខ្ញុំប្រគល់ព្រះរាជ្យ*ឲ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឲ្យខ្ញុំដែរ។
30. ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ព័ន្ធ*ទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល»។
31. «ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំង*បានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។
32. ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។
33. លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។
34. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35. បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសិស្ស*ថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។
36. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាម ក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួន ទិញដាវមួយទៅ។