12. ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។
13. មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោកដប់នាក់មក ប្រគល់ប្រាក់ឲ្យគេមួយណែនម្នាក់ៗ ទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។
14. រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយ នាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។
15. លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ទ្រង់កោះហៅអ្នកបម្រើទាំងដប់នាក់ ដែលទ្រង់បានប្រគល់ប្រាក់ណែននោះ មកសួរ ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។
16. អ្នកបម្រើទីមួយចូលមកគាល់ ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន”។
17. ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។
18. អ្នកបម្រើទីពីរចូលមក ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញបានប្រាំណែន”។
19. ព្រះរាជាមានរាជឱង្ការទៅគាត់ថា “យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងប្រាំ”។
20. អ្នកបម្រើម្នាក់ទៀតចូលមក ទូលថា “បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។
21. ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតទ្រង់ប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលទ្រង់មិនបានសាបព្រោះ”។