14. ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
15. ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គល*ហើយ!»។
16. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។
17. លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។
18. ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។
19. ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើលសូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។
20. ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ”។