លូកា 13:5-13 Khmer Standard Version (KHSV)

5. ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច្នោះ​ដែរ»។

6. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «មាន​ឧទុម្ពរ*​មួយ​ដើម​ដុះ​ក្នុង​ចម្ការ​បុរស​ម្នាក់។ ម្ចាស់​ចម្ការ​មក​រក​បេះ​ផ្លែ​ពី​ដើម​ឧទុម្ពរ​នោះ តែ​គ្មាន​ផ្លែ​សោះ

7. គាត់​ក៏​ប្រាប់​អ្នក​ថែ​ចម្ការ​ថា៖ “មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​មិន​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ ទុក​នាំ​តែ​ខាត​ដី​ទេ!”។

8. អ្នក​ថែ​ចម្ការ​ឆ្លើយ​តប​ថា៖ “សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ‌វិញ ហើយ​ដាក់​ជី។

9. ឆ្នាំ​ក្រោយ​ប្រហែល​ជា​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!”»។

10. ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ*។

11. នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​ពិការ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ នាង​កោង​ខ្នង ងើប​ត្រង់​ពុំ​កើត។

12. ពេល​ព្រះ‌យេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ! នាង​បាន​ជា​សះ‌ស្បើយ​ហើយ»។

13. ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​នាង នាង​ក៏​ឈរ​ត្រង់​វិញ​បាន​មួយ​រំពេច ព្រម​ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ផង។

លូកា 13