37. ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។
38. នាងម៉ារីពោលទៅទេវតាថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។
39. នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។
40. នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។
41. ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
42. រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។
43. តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?
44. កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ
45. នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូល ដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។
46. ពេលនោះ នាងម៉ារីថ្លែងឡើងថា៖«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់*
47. ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំងព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
48. ព្រះអង្គទតមើលមកខ្ញុំដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គអំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលពិតមែន
49. ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!
50. ទ្រង់មានព្រះហឫទ័យមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
51. ទ្រង់បានសម្តែងឫទ្ធិបារមីកំចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
52. ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែងហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
53. ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លានហើយបណ្ដេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដោយដៃទទេ។