33. ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែល អស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។
34. នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។
35. ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។
36. ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ
37. ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។
38. នាងម៉ារីពោលទៅទេវតាថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។
39. នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។
40. នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។
41. ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
42. រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។