9. ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឲ្យបានសុចរិត ដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្គ្រោះយើងឲ្យរួចពីព្រះពិរោធ ដោយសារព្រះគ្រិស្ដថែមទៀតជាពុំខាន។
10. បើព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀតជាពុំខាន។
11. មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង ដែលទ្រង់បានសម្រុះសម្រួលឲ្យយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។
12. តាមរយៈមនុស្សតែម្នាក់ បាប*បានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។
13. មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានក្រឹត្យវិន័យនៅឡើយ។
14. ក៏ប៉ុន្តែ តាំងពីសម័យលោកអដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្តបទល្មើស ដូចលោកអដាំជានិមិត្តរូបនៃព្រះគ្រិស្ដដែលត្រូវយាងមកនោះក៏ដោយ។