32. អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។
33. គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា “អ្នករាល់គ្នានឹងមានសេរីភាព”ដូច្នេះ?»។
34. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។
35. ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។
36. ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។
37. ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ក៏ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។
38. ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។
39. គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន
40. តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។
41. អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺព្រះជាម្ចាស់»។