19. ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតារបស់ខ្ញុំមិនខាន»។
20. ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្តែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
21. ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។
22. ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។