12. លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលនំប៉័ងដែលនៅសល់ កុំឲ្យមានបាត់មួយដុំសោះឡើយ»។
13. ពួកសិស្សនាំគ្នារើសសំណល់នំប៉័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។
14. កាលមនុស្សម្នាឃើញទីសម្គាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការី*ដែលត្រូវមកក្នុងពិភពលោកមែន»។
15. ព្រះយេស៊ូជ្រាបថាគេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។
16. លុះដល់ល្ងាច ពួកសិស្ស*នាំគ្នាចុះទៅមាត់សមុទ្រ។
17. គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ
18. ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។
19. កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។
20. ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។
21. ពួកសិស្សចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបម្រុងនឹងទៅ។
22. ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសិស្ស*ទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។
23. ប៉ុន្តែ មានទូកឯទៀតៗមកពីភូមិទីបេរាស ចតនៅជិតកន្លែងដែលគេបានបរិភោគនំប៉័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។
24. កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និងពួកសិស្សនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាពើណិម តាមរកព្រះអង្គ។
25. បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។
26. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។
27. កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។