11. គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើឲ្យខ្ញុំជា ប្រាប់ខ្ញុំថា “ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!”»។
12. គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឲ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។
13. ប៉ុន្តែ បុរសដែលបានជា មិនដឹងថានរណាបានប្រោសគាត់ឲ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។
14. ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្តអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។
15. បុរសនោះចេញទៅប្រាប់ជនជាតិយូដាឲ្យដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់ឲ្យជា។
16. ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។
17. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។
18. កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនមកពីព្រះអង្គមិនបានគោរពតាមវិន័យ* សម្រាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។