6. លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ
7. ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។
8. ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។
9. កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។
10. បន្ទាប់មក សិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។
11. នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ
12. ឃើញទេវតា*ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។
13. ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។
14. ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។
15. ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក»។
16. ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“ព្រះគ្រូ!”។
17. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។
18. នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជម្រាបពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។
19. នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្ស*នៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។
20. ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ពួកសិស្សសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។
21. ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។