17. ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា”
18. គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។
19. លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។
20. ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។
21. ពួកនាយកបូជាចារ្យ*របស់ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា” វិញ»។
22. លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។
23. ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖
24. «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ»។