14. បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។
15. ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។
16. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបម្រើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកចាត់ខ្លួនឲ្យទៅនោះដែរ។
17. ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
18. ខ្ញុំនិយាយដូច្នេះមិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា: “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។
19. ខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីឥឡូវនេះឲ្យហើយ មុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។