42. គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស”នេះ ប្រែថា ពេត្រុស*)»។
43. លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។
44. លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និងលោកពេត្រុសដែរ។
45. លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «ព្រះអង្គដែលលោកម៉ូសេបានចារទុកក្នុងគម្ពីរវិន័យ ហើយគម្ពីរព្យាការីក៏មានចែងទុកដែរនោះ ឥឡូវនេះ យើងបានជួបហើយ ព្រះអង្គមាននាមថា យេស៊ូ ជាអ្នកភូមិណាសារ៉ែតជាបុត្ររបស់លោកយ៉ូសែប»។
46. លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ»។
47. លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមក អ្នកនឹងបានឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។