11. ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុកយើងខ្ញុំបានប្រាប់យើងខ្ញុំ ឲ្យយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជម្រាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង!”
12. សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្ដៅៗទេ តែឥឡូវនេះវារឹង ហើយដុះផ្សិតអស់។
13. រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។
14. ជនជាតិអ៊ីស្រាអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានទូលសួរយោបល់ពីព្រះអម្ចាស់ឡើយ។
15. លោកយ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតឲ្យពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រាអែលបានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។