15. លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។
16. ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូលដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេនាំគ្នាដេញតាមលោកយ៉ូស្វេ ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។
17. នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រាអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។
18. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។
19. ពេលលោកលើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្ដើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។
20. កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រាអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។
21. លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។
22. ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រាអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។