13. កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុងរួចហើយ យប់នោះ លោកយ៉ូស្វេក៏ទៅស្នាក់នៅកណ្ដាលជ្រលងភ្នំ។
14. ព្រលឹមឡើង កាលស្ដេចក្រុងអៃឃើញកងទ័ពរបស់លោកយ៉ូស្វេ ស្ដេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រាអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។
15. លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។
16. ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូលដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេនាំគ្នាដេញតាមលោកយ៉ូស្វេ ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។
17. នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រាអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។