8. កាលបានធ្វើពិធីកាត់ស្បែកឲ្យប្រជាជាតិទាំងមូលហើយ ពួកគេក៏នៅក្នុងជំរំរហូតដល់ជាសះស្បើយទាំងអស់គ្នា។
9. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងដក សេចក្ដីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្ដីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីលកាល់” រហូតដល់សព្វថ្ងៃ។
10. ជនជាតិអ៊ីស្រាអែលបោះជំរំនៅគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យចម្លង* នៅល្ងាចថ្ងៃទីដប់បួននៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។
11. ស្អែកឡើង គឺមួយថ្ងៃក្រោយបុណ្យចម្លង ពួកគេបរិភោគនំបុ័ងឥតមេ និងគ្រាប់ស្រូវលីង ដែលជាភោគផលរបស់ស្រុកនោះ។
12. ចាប់តាំងពីថ្ងៃពួកគេបរិភោគភោគផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជនជាតិអ៊ីស្រាអែលនាំគ្នាបរិភោគភោគផលនៃស្រុកកាណាន។
13. ពេលដែលលោកយ៉ូស្វេនៅជិតក្រុងយេរីខូ លោកងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខលោក ទាំងហូតដាវកាន់នៅដៃផង។ លោកយ៉ូស្វេដើរទៅជិតសួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។
14. បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់ ខ្ញុំទើបនឹងមកដល់»។ ពេលនោះ លោកយ៉ូស្វេក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ?»។