1. កាលស្ដេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្ដេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា ព្រះអម្ចាស់ធ្វើឲ្យទន្លេយ័រដាន់រីងស្ងួត នៅចំពោះមុខជនជាតិអ៊ីស្រាអែលរហូតដល់គេឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹង នៅចំពោះមុខជនជាតិអ៊ីស្រាអែល។
2. នៅគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីកាត់ស្បែក*ឲ្យជនជាតិអ៊ីស្រាអែលសាជាថ្មីម្ដងទៀត»។
3. លោកយ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីកាត់ស្បែកឲ្យជនជាតិអ៊ីស្រាអែលនៅលើភ្នំហារ៉ាឡុត។
4. រីឯមូលហេតុដែលនាំឲ្យលោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យពួកគេនោះ មានដូចតទៅ: ប្រជាជនទាំងមូលដែលបានចាកចេញពីស្រុកអេស៊ីប គឺប្រុសៗទាំងប៉ុន្មានដែលជាអ្នកចំបាំងបានស្លាប់តាមវាលរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីប។
5. អ្នកទាំងនោះសុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្តែ ប្រជាជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោស្ថានពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។