1. លោកយ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រាអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។
2. បីថ្ងៃក្រោយមក ពួកនាយក្រុមបានដើរកាត់ជំរំ
3. ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមបូជាចារ្យលេវី*សែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។
4. ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។
5. បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរញែកខ្លួនឲ្យវិសុទ្ធ ដ្បិតថ្ងៃស្អែក ព្រះអម្ចាស់នឹងសម្តែងការអស្ចារ្យនៅកណ្ដាលចំណោមអ្នករាល់គ្នា»។
6. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់អស់លោកបូជាចារ្យថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ឆ្លងទៅមុនប្រជាជនទៅ!»។ គេក៏សែងហិបឆ្លងទៅមុនប្រជាជន។
7. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងចាប់ផ្ដើមពង្រឹងអំណាចរបស់អ្នក ឲ្យជនជាតិអ៊ីស្រាអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសេកាលពីមុនដែរ។
8. រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមបូជាចារ្យ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្ដង”»។
9. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរមកនេះ ស្ដាប់ព្រះបន្ទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសិន»។