28. យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគត បើសិនជាគេពោលពាក្យសម្ដីនេះចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់ព្រះអម្ចាស់បេះបិទ តែមិនមែនដើម្បីថ្វាយតង្វាយដុតទាំងមូល ឬថ្វាយយញ្ញបូជាឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។
29. យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ ឬក៏ចង់បែកចិត្តចេញពីព្រះអង្គ នៅថ្ងៃនេះ ដោយសង់អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងថ្វាយតង្វាយនានា ឬយញ្ញបូជាអ្វីផ្សេង ក្រៅពីថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់យើង គឺអាសនៈដែលស្ថិតនៅមុខព្រះដំណាក់របស់ព្រះអង្គនោះឡើយ!»។
30. ពេលលោកបូជាចារ្យភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រាអែលនៅទីនោះ បានឮពាក្យសម្ដីដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ ពួកគេក៏ពេញចិត្ត។
31. លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ មានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «ថ្ងៃនេះ យើងដឹងថា ព្រះអម្ចាស់ពិតជាគង់នៅជាមួយយើងរាល់គ្នាមែន ដ្បិតបងប្អូនពុំបានក្បត់ព្រះអម្ចាស់ គឺបងប្អូនពុំបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលទទួលទោសពីព្រះអម្ចាស់ឡើយ»។
32. បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់លោកបូជាចារ្យអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រាអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។
33. ប្រជាជនអ៊ីស្រាអែលពេញចិត្តនឹងរបាយការណ៍ ហើយអរព្រះគុណព្រះជាម្ចាស់ ព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។
34. កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានដាក់ឈ្មោះអាសនៈនោះថា «សក្ខីភាព» ដ្បិតអាសនៈនោះធ្វើជាសាក្សីនៅចំពោះមុខយើងទាំងអស់គ្នាថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។