យ៉ូស្វេ 22:18-23 Khmer Standard Version (KHSV)

18. ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់! ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ព្រះ‌អម្ចាស់​មុខ​ជា​ពិរោធ​នឹង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មិន​ខាន។

19. បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ​ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សម្រាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។

20. កាល​លោក​អេកាន​ជា​កូន​របស់​លោក​សេ‌រ៉ាស ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​ដែល​ត្រូវ​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​កំហុស​របស់​គាត់ ពុំ​បាន​ធ្វើ​ឲ្យ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។

21. កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖

22. «ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មែន! ព្រះ‌អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រា‌អែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះ‌បោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។

23. ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ព្រះ‌អម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​មែន​នោះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​យើង​ខ្ញុំ​ទៅ!

យ៉ូស្វេ 22