11. ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។
12. កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្ដុំសហគមន៍ទាំងមូលនៅស៊ីឡូ បម្រុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។
13. ជនជាតិអ៊ីស្រាអែលបានចាត់លោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារ
14. ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល គឺម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល។
15. ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖
16. «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់ ដោយសង់អាសនៈមួយសម្រាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?