9. ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា ព្រះអម្ចាស់ប្រគល់ស្រុកនេះដល់ពួកលោក។ ពួកលោកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកលោក
10. ដ្បិតយើងបានឮគេនិយាយថា ព្រះអម្ចាស់ធ្វើឲ្យសមុទ្រកក់រីងស្ងួតនៅចំពោះមុខពួកលោក នៅគ្រាដែលពួកលោកចាកចេញពីស្រុកអេស៊ីប។ យើងក៏ដឹងដែរថា ពួកលោកបានប្រព្រឹត្តបែបណាចំពោះព្រះបាទស៊ីហុន និងព្រះបាទអុក ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅខាងកើតទន្លេយ័រដាន់ គឺពួកលោកបានបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។
11. ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកលោក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ពួកលោក ជាព្រះដែលគង់នៅលើមេឃដ៏ខ្ពស់បំផុត ហើយព្រះអង្គក៏គង់នៅផែនដីខាងក្រោមនេះដែរ។
12. ឥឡូវនេះ សូមលោកទាំងពីរស្បថឲ្យនាងខ្ញុំ ដោយយកព្រះអម្ចាស់ជាសាក្សីថា នាងខ្ញុំបានជួយលោកទាំងពីរដោយសប្បុរសយ៉ាងណា សូមលោកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្ដុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា
13. ពួកលោកនឹងអនុគ្រោះដល់ជីវិតឪពុកម្ដាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។