14. បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាព្រះអម្ចាស់ប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។
15. បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្ដង។
16. នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកអ្នកដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។
17. បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ
18. ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហមនៅមាត់បង្អួច ដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល ឲ្យមកជួបជុំជាមួយនាង។
19. ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ!
20. ប៉ុន្តែ បើនាងយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។
21. នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់លោកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។