យ៉ូស្វេ 18:9-14 Khmer Standard Version (KHSV)

9. បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក រួច​ធ្វើ​របាយ‌ការណ៍​ជា​លាយ‌លក្ខណ៍​អក្សរ​អំពី​ក្រុង​នានា​ទាំង​ប្រាំ‌ពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។

10. នៅ​ស៊ីឡូ លោក​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។

11. ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។

12. ព្រំ‌ប្រទល់​ខាង​ជើង​នៃ​ទឹក​ដី​របស់​គេ​ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជម្រាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោ‌ស្ថាន នៅ​បេត‌អា‌វេន។

13. បន្ទាប់​មក ព្រំ‌ប្រទល់​ចេញ​ពី​ទី​នោះ​តម្រង់​ទៅ​ទីក្រុង​លូស ដោយ​កាត់​តាម​ជម្រាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេត‌អែល) រួច​ចុះ​ទៅ​អាថា‌រ៉ូត-‌អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត‌ហូរ៉ូន​ក្រោម។

14. នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ‌ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង​រហូត​ទៅ​ទល់​នឹង​គារ‌យ៉ាត-‌បាល គឺ​គារ‌យ៉ាត-‌យ៉ារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំ‌ប្រទល់​ខាង​លិច​របស់​គេ។

យ៉ូស្វេ 18