20. ក្រុងបេតពេអ៊រ ជម្រាលភ្នំពីសកា ក្រុងបេតយេស៊ីម៉ុត
21. ក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន។ លោកម៉ូសេបានវាយប្រហារព្រះបាទស៊ីហុន ព្រមទាំងស្ដេចឯទៀតៗ ដែលជាចំណុះរបស់ព្រះបាទស៊ីហុន គឺមានស្ដេចរបស់ជនជាតិម៉ាឌាន ជនជាតិអេវី ជនជាតិរេគែម ជនជាតិស៊ើរ ជនជាតិហ៊ើរ និងជនជាតិរេបា ដែលរស់នៅក្នុងស្រុកនោះ។
22. ក្នុងចំណោមអស់អ្នកដែលជនជាតិអ៊ីស្រាអែលបានសម្លាប់ មានលោកបាឡាមជាគ្រូទាយ ដែលត្រូវជាកូនរបស់លោកបេអ៊រ។
23. ព្រំប្រទល់ខាងលិចនៃទឹកដីរបស់កុលសម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុលសម្ព័ន្ធរូបេន តាមអំបូរ និងស្រុកភូមិរបស់គេ។
24. លោកម៉ូសេក៏បានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេដែរ។
25. ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្ដាលស្រុកអាំម៉ូន រហូតដល់អារ៉ូអើរ ដែលនៅខាងមុខក្រុងរ៉ាបាត។