8. ត្រូវទន្ទេញគម្ពីរនៃក្រឹត្យវិន័យនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចម្រុងចម្រើន និងទទួលជោគជ័យ។
9. តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
10. នៅពេលនោះ លោកយ៉ូស្វេបានបញ្ជាទៅពួកនាយក្រុមរបស់ប្រជាជនដូចតទៅ៖
11. «ចូរនាំគ្នាដើរកាត់ជំរំ ហើយប្រកាសប្រាប់ប្រជាជនថា “ចូររៀបចំស្បៀងអាហារ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ដើម្បីចូលទៅវាយយកស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកម្មសិទ្ធិ”»។
12. បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធ*រូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដូចតទៅ៖
13. «ចូរចងចាំនូវពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បង្គាប់អ្នករាល់គ្នាថា “ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាបានសម្រាក គឺព្រះអង្គប្រទានស្រុកនេះឲ្យអ្នករាល់គ្នាហើយ”។