យេរេមា 52:6-11 Khmer Standard Version (KHSV)

6. នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​ទី​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជា‌ជន​ក្នុង​ក្រុង​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ

7. ពួក​ខ្មាំង​ទម្លុះ​កំពែង​ក្រុង។ ទោះ​បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​យូដា​ទាំង​អស់​នាំ​គ្នា​ចេញ​ពី​ទីក្រុង នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។

8. កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ព្រះ‌បាទ​សេដេ‌គា​ទាន់ នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែក‌ខ្ញែក​គ្នា​អស់។

9. ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌គា។

10. ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ-ក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ-ក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ស្រុក​យូដា នៅ​ក្រុង​រីបឡា​ដែរ។

11. បន្ទាប់​មក ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ឲ្យ​គេ​ចាក់​ភ្នែក​ព្រះ‌បាទ​សេដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​នាំ​ព្រះ‌បាទ​សេដេ‌គា​ទៅ​ស្រុក​បាប៊ី‌ឡូន ឃុំ​ទុក​រហូត​ដល់​ថ្ងៃ​សុគត។

យេរេមា 52