4. ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
5. ពួកគេឡោមព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា។
6. នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ
7. ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
8. កងទ័ពខាល់ដេនាំគ្នាដេញតាមព្រះបាទសេដេគាទាន់ នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្ដេចរត់បែកខ្ញែកគ្នាអស់។
9. ទាហានខាល់ដេចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសានៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ព្រះចៅនេប៊ូក្នេសាប្រកាសកាត់ទោសព្រះបាទសេដេគា។
10. ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ-កបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ-កពួកមន្ត្រីទាំងអស់នៃស្រុកយូដា នៅក្រុងរីបឡាដែរ។