21. សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និងមានកំរាស់បួនហ៊ុន។
22. នៅពីលើសសរមានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកំពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។
23. មានផ្លែទទឹមទាំងអស់កៅសិបប្រាំមួយនៅជុំវិញ ហើយផ្លែទទឹមដែលនៅជាប់នឹងក្បាច់ក្រឡាអួន មានចំនួនទាំងអស់មួយរយ។
24. លោករាជប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមបូជាចារ្យ លោកសេផានា ជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីនាក់យកទៅជាមួយ។
25. លោកក៏ចាប់មហាតលិកមួយរូបដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំពីររូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។
26. លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូចាប់អ្នកទាំងនោះ នាំទៅថ្វាយស្ដេចស្រុកបាប៊ីឡូននៅរីបឡា។
27. ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
28. ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចនេះកៀរជនជាតិយូដាយកទៅជាឈ្លើយ ចំនួន៣ ០២៣នាក់។