21. ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំងឲ្យពួកគេសុទ្ធតែមានសាច់មានឈាមដូចគោបំប៉នតែទាហានទាំងនោះក៏បកក្រោយដែរគេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេដ្បិតថ្ងៃមហន្តរាយគឺជាពេលដែលយើងដាក់ទោសពួកគេបានធ្លាក់មកលើពួកគេហើយ។
22. ពេលសត្រូវលើកទ័ពមកវាយលុកពួកគេកងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់ដូចពស់ដែលកំពុងលូន។សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុសកាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
23. ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើទោះបីព្រៃនោះពិបាកចូលក៏ដោយដ្បិតពួកគេមានចំនួនច្រើនឥតគណនាគឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
24. ប្រជាជននៅស្រុកអេស៊ីបត្រូវអាម៉ាស់ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនដែលមកពីទិសខាងជើង»។
25. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖«យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងណូព្រមទាំងផារ៉ោន ជាស្ដេចស្រុកអេស៊ីបគឺយើងដាក់ទោសព្រះ និងស្ដេចស្រុកអេស៊ីបយើងដាក់ទោសផារ៉ោន និងអស់អ្នកដែលផ្ញើជីវិតលើស្ដេចនេះ។
26. យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេគឺក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូននិងក្នុងកណ្ដាប់ដៃនាយទាហានរបស់គេ។ក្រោយមកទៀត ស្រុកអេស៊ីបនឹងមានមនុស្សរស់នៅ ដូចកាលពីមុន- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។