18. ប៉ុន្តែ តាំងពីយើងឈប់ដុតគ្រឿងក្រអូប និងឈប់ច្រួចស្រាសែនម្ចាស់ក្សត្រីនៅស្ថានសួគ៌ យើងខ្វះខាតសព្វគ្រប់ ព្រមទាំងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស»។
19. ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាថ្វាយម្ចាស់ក្សត្រីនៅស្ថានសួគ៌នោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំថ្វាយព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។
20. ពេលនោះ លោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុស ទាំងស្រី និងអស់អ្នកដែលបានឆ្លើយតបមកលោកថា៖
21. «គ្រឿងក្រអូបដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា ព្រមទាំងស្ដេច មន្ត្រី និងអ្នកស្រុក បានដុតតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម ព្រះអម្ចាស់ក៏បានឃើញ និងចងចាំជានិច្ចដែរ។
22. ព្រះអម្ចាស់ពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។
23. ទុក្ខលំបាកដែលកើតមានដល់អ្នករាល់គ្នាដូចសព្វថ្ងៃ មកពីអ្នករាល់គ្នាដុតគ្រឿងក្រអូប និងប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ មិនប្រតិបត្តិតាមក្រឹត្យវិន័យ ច្បាប់ និងដំបូន្មានរបស់ព្រះអង្គ»។
24. លោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និងស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!