10. រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្ដាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យ និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។
11. ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។
12. យើងនឹងប្រហារជនជាតិយូដាដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និងដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នា ដោយមុខដាវ និងដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយ។
13. យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹម ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគដែរ។
14. ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្ដី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។
15. អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅលោកយេរេមាវិញថា៖