3. សូមព្រះអម្ចាស់ ជាព្រះរបស់លោក បង្ហាញឲ្យយើងខ្ញុំស្គាល់ផ្លូវដែលយើងខ្ញុំត្រូវដើរ និងអំពើដែលយើងខ្ញុំត្រូវប្រព្រឹត្ត»។
4. ព្យាការីយេរេមាតបទៅពួកគេវិញថា៖ «ខ្ញុំយល់ព្រមហើយ ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នករាល់គ្នា រួចហើយ ខ្ញុំនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ឆ្លើយមកអ្នករាល់គ្នាវិញ ឥតលាក់លៀមត្រង់ណាឡើយ»។
5. ពួកគេពោលមកកាន់លោកយេរេមាថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់មកយើងខ្ញុំតាមរយៈលោកទេនោះ សូមព្រះអង្គដាក់ទោសយើងខ្ញុំចុះ!
6. យើងខ្ញុំបានសូមឲ្យលោកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ»។
7. ដប់ថ្ងៃកន្លងមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា
8. ហើយលោកក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងមូល តាំងពីអ្នកតូចរហូតដល់អ្នកធំ។
9. លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូចតទៅ:
10. ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះតទៅទៀតយើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នាគឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។យើងនឹងដាំអ្នករាល់គ្នាគឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។យើងនឹងនឹកស្ដាយដោយបានដាក់ទោសអ្នករាល់គ្នា។
11. កុំខ្លាចស្ដេចស្រុកបាប៊ីឡូនដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វីកុំខ្លាចឲ្យសោះ-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នាដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។