7. ពេលទៅដល់កណ្ដាលទីក្រុង លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា បានសម្លាប់ពួកគេ រួចបោះសាកសពទៅក្នុងអណ្ដូង ដោយមានអស់អ្នកដែលនៅជាមួយគាត់ជួយផង។
8. ប៉ុន្តែ ក្នុងចំណោមពួកគេ មានដប់នាក់ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចម្ការ គឺមានស្រូវ មានអង្ករ ប្រេង និងទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតឲ្យអ្នកទាំងដប់នោះ។
9. រីឯអណ្ដូងដែលលោកអ៊ីស្មាអែលបោះសាកសពអ្នកដែលគាត់បានសម្លាប់ ជាអណ្ដូងដែលព្រះបាទអេសា ជាស្ដេចស្រុកយូដាបានជីក នៅគ្រាធ្វើសឹកជាមួយព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល។ លោកអ៊ីស្មាអែលបោះសាកសពពេញក្នុងអណ្ដូងនោះ។
10. លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្ដេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ផ្ទុកផ្ដាក់ទៅឲ្យលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មើលខុសត្រូវ នាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។
11. កាលលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយ ដឹងពីអំពើអាក្រក់ទាំងប៉ុន្មានដែលលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានាបានប្រព្រឹត្ត
12. ពួកគេក៏នាំទាហានទាំងអស់ដែលនៅជាមួយ ចេញទៅតាមវាយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ពួកគេតាមគាត់ទាន់នៅបឹងគីបៀន។
13. ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយលោក គេត្រេកអរយ៉ាងខ្លាំង។
14. ពេលនោះ ប្រជាជន ដែលលោកអ៊ីស្មាអែលចាប់ទៅជាឈ្លើយ នាំគ្នាបកក្រោយ ចូលដៃជាមួយលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា។
15. រីឯលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា និងបក្សពួករបស់គាត់ប្រាំបីនាក់ បានគេចខ្លួនរួច ហើយរត់ទៅដល់ស្រុកអាំម៉ូន។