យេរេមា 38:1-5 Khmer Standard Version (KHSV)

1. លោក​សេផា‌ធា​ជា​កូន​របស់​លោក​ម៉ាត់‌ថាន លោក​កេដា‌លា​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ លោក​យេហ៊ូ‌កាល​ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ផាស‌ហ៊ើរ​ជា​កូន​របស់​លោក​ម៉ាល់គា បាន​ឮ​ពាក្យ​ដែល​លោក​យេរេមា​ធ្លាប់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖

2. «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ រីឯ​អ្នក​ដែល​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន‌ជាតិ​ខាល់ដេ​នឹង​បាន​រួច​ជីវិត

3. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ក្រុង​នេះ​ពិត​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​គេ​នឹង​ដណ្ដើម​យក​បាន​មិន​ខាន»។

4. មន្ត្រី​ទាំង​នោះ​ទូល​ស្ដេច​ថា៖ «សូម​ប្រហារ​ជីវិត​ជន​នោះ​ចោល​ទៅ! ដ្បិត​គាត់​និយាយ​ឲ្យ​ពល​ទាហាន​ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នេះ និង​ប្រជា‌ជន​ទាំង​មូល​បាក់​ទឹក​ចិត្ត។ គាត់​មិន​រក​សេចក្ដី​សុខ​ជូន​ប្រជា‌រាស្ត្រ​ទេ គឺ​នាំ​ទុក្ខ​វេទនា​មក​ឲ្យ​ពួក​គេ​វិញ»។

5. ព្រះ‌បាទ​សេដេ‌គា​តប​ថា៖ «គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ស្រាប់​ហើយ ខ្ញុំ​ជា​ស្ដេច​មែន តែ​ខ្ញុំ​ពុំ​អាច​ឃាត់​អស់​លោក​បាន​ទេ»។

យេរេមា 38