13. លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានឲ្យប្រជាជនស្ដាប់។
14. ពេលនោះ គណៈរដ្ឋមន្ត្រីចាត់លោកយេហ៊ូឌី ជាកូនរបស់លោកនេថានា ជាចៅរបស់លោកសេលេមា និងជាចៅទួតរបស់លោកគូស៊ី ឲ្យទៅជួបលោកបារូក ប្រាប់ថា៖ «ចូរយកក្រាំងដែលអ្នកអានឲ្យប្រជាជនស្ដាប់នោះមក!»។ លោកបារូក ជាកូនរបស់លោកនេរីយ៉ា ក៏យកក្រាំងទៅជួបពួកមន្ត្រី។
15. ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកលោកស្ដាប់។
16. ពេលឮព្រះបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅទូលព្រះរាជាឲ្យបានជ្រាប»។
17. ពួកគេសួរលោកបារូកទៀតថា៖ «ប្រាប់យើងមើល តើអ្នកសរសេរពាក្យទាំងនេះរបៀបណា?»។
18. លោកបារូកតបថា៖ «លោកយេរេមាបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំប្របាទ ហើយខ្ញុំប្របាទក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។
19. ពួកមន្ត្រីពោលទៅលោកបារូកថា៖ «ចូរអ្នកទៅរកកន្លែងពួនទៅ ហើយលោកយេរេមាក៏ត្រូវពួនដែរ កុំឲ្យនរណាដឹងថា អ្នកទាំងពីរនៅកន្លែងណាឡើយ»។