យេរេមា 33:10-25 Khmer Standard Version (KHSV)

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ

11. គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចម្រៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចម្រៀង​របស់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ហើយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជម្រក​សម្រាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។

13. ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា។

15. នៅ​គ្រា​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​ដ៏​សុចរិត កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​ដាវីឌ។ ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​ស្រុក​ដោយ​សុចរិត និង​យុត្តិធម៌។

16. នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​សន្តិ‌សុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុចរិត​របស់​យើង”»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដាវីឌ​នឹង​មិន​ខ្វះ​ពូជ‌ពង្ស​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

18. ពួក​បូជា‌ចារ្យ និង​ពួក​លេវី ក៏​មិន​ខ្វះ​ពូជ‌ពង្ស​ឈរ​នៅ​ចំពោះ​មុខ​យើង ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​ដុត​គ្រឿង​ក្រអូប​ជា​មួយ​តង្វាយ​ផ្សេងៗ ហើយ​ថ្វាយ​យញ្ញ‌បូជា​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖

20. «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ មាន​យប់ តាម​កំណត់​ពេល​វេលា​របស់​វា ប្រសិន​បើ​អ្នក​រាល់​គ្នា​អាច​បញ្ឈប់​ចលនា​របស់​ថ្ងៃ និង​យប់​បាន

21. យើង​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជ‌ពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​បូជា‌ចារ្យ​លេវី​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។

22. ផ្ទុយ​ទៅ​វិញ យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​យើង ព្រម​ទាំង​ពួក​បូជា‌ចារ្យ​លេវី ដែល​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖

24. «តើ​អ្នក​ឮ​ពាក្យ​របស់​ប្រជា‌ជន​នេះ​ឬ​ទេ? ពួក​គេ​ពោល​ថា: “ព្រះ‌អម្ចាស់​បាន​បោះ​បង់​ចោល​អំបូរ​ទាំង​ពីរ​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​នោះ​ហើយ”។ អ្នក​ណា​ពោល​ដូច្នេះ អ្នក​នោះ​មើល‌ងាយ​ប្រជា‌ជន​របស់​យើង ហើយ​លែង​រាប់​ពួក​គេ​ជា​ប្រជា‌ជាតិ​មួយ​ទៀត​ផង»។

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ និង​យប់ តាម​ពេល​កំណត់ ហើយ​យើង​ក៏​បាន​ដាក់​ច្បាប់​ធម្ម‌ជាតិ​សម្រាប់​ផ្ទៃ​មេឃ និង​ផែនដី​ដែរ។

យេរេមា 33