3. ព្រះបាទសេដេគាជាស្ដេចស្រុកយូដា ឲ្យគេយកលោកទៅឃុំឃាំងទាំងមានរាជឱង្ការដូចតទៅ៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។
4. សេដេគា ជាស្ដេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេបានទេ។ គេនឹងប្រគល់ស្ដេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេគានឹងឃើញស្ដេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់
5. ហើយស្ដេចស្រុកបាប៊ីឡូននឹងនាំស្ដេចសេដេគាទៅស្រុកបាប៊ីឡូនទៀតផង។ ស្ដេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះបានឡើយ»។
6. លោកយេរេមាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
7. ហាណាមាលកូនរបស់សាលូម ជាឪពុកមារបស់អ្នក នឹងមកជួបអ្នក ហើយពោលថា “សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោតទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ” »។
8. លោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។
9. ខ្ញុំក៏ទិញដីចម្ការនៅអាណាថោត ពីលោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងឲ្យគាត់។