18. យើងឮអេប្រាអ៊ីមយំរៀបរាប់ថា:“ព្រះអង្គបានដាក់ទោសទូលបង្គំហើយទូលបង្គំក៏ទទួលទោសដូចកូនគោដែលមិនទាន់ផ្សាំង។សូមនាំទូលបង្គំឲ្យវិលមកវិញនោះទូលបង្គំនឹងវិលមកវិញដ្បិតព្រះអង្គជាព្រះអម្ចាស់និងជាព្រះរបស់ទូលបង្គំ។
19. ទូលបង្គំវិលមកវិញ ទាំងនឹកស្ដាយកំហុស។ពេលដឹងខ្លួនខុសទូលបង្គំក៏គក់ទ្រូងនឹកស្ដាយ ហើយអៀនខ្មាស។ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំប្រព្រឹត្តកាលនៅពីក្មេង”។
20. អេប្រាអ៊ីមជាកូនសម្លាញ់ជាកូនសំណព្វចិត្តរបស់យើង។ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីមយើងចេះតែនឹកឃើញគេជានិច្ចយើងខ្លោចចិត្តអាណិតគេយើងស្រឡាញ់គេខ្លាំងណាស់»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. «ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើងចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរនាងព្រហ្មចារីអ៊ីស្រាអែលអើយចូរវិលត្រឡប់មកវិញចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។
22. កូនស្រីដែលបះបោរអើយតើនាងនៅតែដើរតែលតោលដល់កាលណាទៀត? ព្រះអម្ចាស់បានធ្វើឲ្យមានការមួយថ្មីកើតឡើងនៅលើផែនដីនេះគឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។
23. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយ នឹងពោលថា:“អ្នកជាព្រះដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធសូមព្រះអម្ចាស់ប្រទានពរអ្នក!”
24. អ្នកស្រែចម្ការ ព្រមទាំងអ្នកចិញ្ចឹមសត្វ នឹងរស់នៅជាមួយគ្នា នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។
25. យើងនឹងឲ្យទឹកដល់អ្នកដែលស្រេក ហើយជួយអ្នកខ្សោះល្វើយឲ្យមានកម្លាំងឡើងវិញ»។
26. ពេលនោះ ខ្ញុំភ្ញាក់ឡើង ហើយឃើញថា ខ្ញុំដេកលក់យ៉ាងស្កប់ស្កល់!