15. យើងនឹងតែងតាំងមេដឹកនាំដែលគាប់ចិត្តយើង ឲ្យមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។
16. នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុកហើយ នឹងលែងមានគេនិយាយអំពីហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនា រវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។
17. នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់ព្រះអម្ចាស់” ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។
18. នៅគ្រានោះ ជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រាអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នា ពីស្រុកខាងជើងមកដល់ទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់គេទុកជាមត៌ក។
19. យើងគិតថា យើងសប្បាយចិត្តនឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា”ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
20. ប៉ុន្តែ ជនជាតិអ៊ីស្រាអែលអើយអ្នករាល់គ្នាបានក្បត់ចិត្តយើងដូចស្ត្រីក្បត់ចិត្តប្ដីដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។